សៀមរាប៖ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្ត ដោយមានអ្នកចូលរួមប្រមាណជាង ២០០នាក់ ដែលប្រព្រឹត្តទៅនៅសាខា ប.ស.ស. ខេត្តសៀមរាប។
ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យមន្ត្រីរាជការថ្នាក់ក្រោមជាតិ យល់ដឹងកាន់តែច្បាស់អំពីវឌ្ឍនភាព នីតិវិធី និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ជាពិសេសគឺការអនុវត្តផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. (ប្តី ឬប្រពន្ធ និងកូន) ដើម្បីជាចំណេះដឹងបន្ថែមក្នុងការផ្សព្វផ្សាយបន្តដល់មន្ត្រីនៅតាមមូលដ្ឋានឱ្យកាន់តែទូលំទូលាយ។
ឯកឧត្តមបណ្ឌិតអគ្គនាយករង បានគូសបញ្ជាក់បន្ថែមថា ការខកខានមិនបាននាំអ្នកក្នុងបន្ទុកមកចុះឈ្មោះជាសមាជិក ប.ស.ស. គឺធ្វើឱ្យសមាជិកគ្រួសាររបស់ខ្លួនបាត់បង់ឱកាសទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម និងអត្ថប្រយោជន៍ផ្សេងៗពី ប.ស.ស. ជាពិសេសត្រូវចំណាយថវិកាផ្ទាល់ខ្លួនក្នុងការព្យាបាលនៅពេលមានជំងឺផ្សេងៗ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានអំពាវនាវយ៉ាងទទូច និងសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីបញ្ចប់សិក្ខាសាលានេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលកំពុងបម្រើការងារនៅតាមមន្ទីរ អង្គភាពជុំវិញខេត្ត ដែលមិនទាន់បានចុះឈ្មោះឱ្យប្ដី ឬប្រពន្ធ និងកូន សូមរួសរាន់នាំអ្នកក្នុងបន្ទុកមកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា។
ក្នុងឱកាសជាមួយគ្នានោះ ឯកឧត្តម ឌី រ៉ាដូ អភិបាលរង តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានសម្តែងនូវការអរគុណដល់ថ្នាក់ដឹកនាំ ប.ស.ស. និងជំរុញដល់អ្នកចូលរួមទាំងអស់ត្រូវនាំសមាជិកគ្រួសារក្នុងបន្ទុករបស់ខ្លួន មកចុះឈ្មោះចូលជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា សំដៅធានាបាននូវអត្ថប្រយោជន៍ និងលើកកម្ពស់សុខុមាលភាពគ្រួសារប្រកបដោយភាពកក់ក្តៅ ៕







